ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាតបានអានសារ របស់សម្តេចតេជោ ហ៊ុន សែន នៅឯកោះពេជ្រ កាលពី ល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ បានបង្ហាញថា រាជរដ្ឋាភិបាល បានកំណត់យក ថ្ងៃទី២៧កុម្ភៈ សម្រាប់ប្រារព្ធ ទិវាជាតិទីក្រុងស្អាត ជារៀងរាល់ឆ្នាំ ដែលជាការក្រើនរំលឹក ឱ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងកម្មវិធី ប្រឡងប្រណាំងទីក្រុងស្អាត ដែលជាផ្នែកមួយ នៃព្រះរាជាណាចក្រ អច្ឆរិយ ធ្វើឱ្យទីក្រុងយើងស្រស់ស្អាត ប្រកបដោយ ភាពទាក់ទាញ បរិស្ថានស្អាត ឆ្អោះទៅរកកម្ពុជាស្អាត កម្ពុជាបៃតង ។
នៅក្នុងសារ សម្តេចតេជោ បានបញ្ជាក់ទៀតថា “ដើម្បីចូលរួមក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាត រាជរដ្ឋាភិបាល សូមប្រកាស ដាក់ចេញ នូវយុទ្ធនាការ សេវាកម្ពុជា ឆ្នាំ២០១៣-២០១៥ ដែលជាយុទ្ធនាការមួយ បង្កើតឡើង ក្នុងគោលបំណងជំរុញ ឱ្យមានការចូលរួម ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត របស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន វិស័យសាធារណៈ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដោយផ្តោតសំខាន់ ដល់ការធ្វើសកម្មភាពនានា ឱ្យក្លាយជា លំនៅដ្ឋានស្អាត ស្ថាប័នស្អាត កន្លែង ធ្វើការស្អាត វត្តអារាមស្អាត រោងចក្រស្អាត ដែលជាសមាសធាតុ ដ៏សំខាន់ចូលរួមធ្វើឱ្យបណ្តាទីក្រុងនានា ក្នុងប្រទេស កម្ពុជា ក្លាយជាគោលដៅទេសចរ ដ៏ល្អមួយ ប្រកបដោយ ភាពទាក់ទាញ និងប្រកបដោយភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ គ្រប់រូប” ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវយុទ្ធនាការ២ចំណុច សម្តៅលើកម្ពស់ទីក្រុងស្អាត គឺ៖
១-រៀបចំ ឱ្យមានសកម្មជន ទីក្រុងស្អាត នៅតាមកន្លែងធ្វើការ ស្ថាប័ន សាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម ផ្សារ រោងចក្រសហគ្រាស ក្រុមហ៊ុន បុរីជាដើម ដែលធ្វើឱ្យកន្លែងទាំងនេះ ប្រកបដោយភាពស្អាត និងបៃតង គ្រប់រដូវកាល គ្រប់ពេលវេលា ព្រមទាំងលើកទឹកចិត្ត យុទ្ធនាការទេសចរម្នាក់ ដាំដើមឈើ១ដើម និងគូស្រករ មួយគូរ ដើមឈើ២ដើម ។
២-លើកទឹកចិត្ត វិស័យឯកជន ជានីតិបុគ្គល ឬរូបវន្តបុគ្គល ចូលរួមចលនាប្រឡងប្រណាំង សហគ្រាសគំរូ និង បុគ្គលគំរូ ដែលជាប្រភេទ ធុរកិច្ចបៃតង ជាមួយនឹងពានរង្វាន់ ដែលត្រូវបានប្រសិទ្ធនាមថា “រង្វានសម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតង” ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា “ទីក្រុងស្អាត ជាគោលដៅទេសចរណ៍ ដ៏មាន សារសំខាន់ ជាមូលដ្ឋាន ។ ការដាក់ចេញនូវចលនា ប្រឡងប្រណាំង ទីក្រុងស្អាត នឹងចូលរួមជំរុញ លើកកម្ពស់ សោភ័ណភាពអនាម័យ និងបញ្ហាក្នុងទីក្រុង ដើម្បីអភិវឌ្ឍន៍ទីក្រុង ទាំងអស់ ឱ្យក្លាយជា គោលដៅទេសចរណ៍ ប្រកបដោយ ភាពទាក់ទាញ ដែលមានគុណភាពទេសចរ ស្របតាម ស្តង់ដារអន្តរជាតិ និងក្លាយជាកាលានុវឌ្ឍភាពដ៏ប្រសើរថ្មីមួយទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរ គ្រប់ប្រភេទ មិនថា ទេសចរកម្សាន្ត ទេសចរធុរកិច្ច ឬទេសចរយុវវ័យ ប្រកបដោយ ភាពកក់ក្តៅ និងពេញចិត្ត” ៕
