Blogger templates

12:40 PM
0
ខេត្តសៀមរាប

ខេត្តសៀមរាប​ឋិតនៅភាគពាយព្យ​នៃប្រទេសកម្ពុជា ជាតំបន់​ទេសចរដ៏សំខាន់​បំផុតរបស់កម្ពុជា។ ខេត្ត​នេះ ជាតំបន់​ដែល សំបូរ​ប្រាសាទ​បុរាណ​​ដែល​មាន​អាយុកាល​រាប់រយ​រាប់ពាន់​​ឆ្នាំ​កន្លង​ទៅ​ហើយ ជាពិសេស​ស្ថាបត្យកម្ម ប្រាសាទអង្គរវត្តដែល​ជាអច្ឆរិយវត្ថុ និង​ជា​បេតិកភ័ណ្ឌ​​ពិភពលោក​ដ៏ល្បី​ល្បាញ​បាន​កំពុង​ដើរ​តួនាទី​​យ៉ាងសំខាន់​ ក្នុងការ ជួយរកចំណូល​​ជូនជាតិ និង​បងប្អូន​ប្រជាពល​​រដ្ឋ​ខ្មែរ​តាមរយៈ​អ្នក​ទេសចរណ៍​​​ក្នុង និង​ក្រៅ​ប្រទេស។ ខេត្ត​នេះ​ផង​ដែរ​​ឋិតនៅ​ពី​ខាងជើង​​បឹងទន្លេសាប​ ​ មានព្រំប្រទល់ជាប់ខេត្តកំពង់ធំ​ ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្ត​បន្ទាយ​មានជ័យ ខេត្តឧត្ដរ​មានជ័យ និង​បឹងទន្លេសាប​។ ខេត្តសៀមរាប​មាន​ផ្ទៃ​ក្រឡា១០២៩៩គីឡូម៉ែត្រ​ក្រឡា​មាន​ចម្ងាយ​ផ្លូវប្រមាណ ៣១៤គីឡូម៉ែត្រ ធ្វើ​ដំណើរពី ភ្នំពេញទៅ​ឆ្លង​កាត់​តាម​ផ្លូវ​ជាតិលេខ​៦អា​ មាន​១២ស្រុក ចែក​ចេញ​ជា​១០០ឃុំ និង៨៧៥ភូមិ។ 
-ប្រាសាទអង្គរវត្ត


ស្ថាបត្យកម្មដ៏អស្ចារ្យ​របស់ខ្មែរយើង គឺប្រាសាទអង្គរ​វត្ត ដែលជាស្នាដៃរ​បស់ព្រះមហាវីរក្សត្រ​នាសម័យអង្គរគឺ ព្រះបាទ​សូរ្យវរ្ម័នទី២ ត្រូវបាន​ចាត់ចូល​​ទៅ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​​ពិភពលោក ហើយមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ មិនតែ ប៉ុណ្ណោះ​ចំពោះ​​ស្នាដៃ​ដ៏អស្ចារ្យ​​គ្មាន​ពីរ​នេះ​ត្រូវបាន​​ប្រជាជន​ខ្មែរ​ យើង គិត​ថា​​មិនមែន​ជាស្នាដៃរបស់មនុស្ស​ធម្មតាឡើយ គឹជាស្នាដៃ​របស់ព្រះពិស្ណុការ។
ប្រាសាទអង្គរវត្ត​ឋិត​នៅ​ភាគ​ខាង​ជើង​ ទីរួមខេត្ត​សៀមរាប ក្នុងស្រុកសៀមរាប​ចម្ងាយប្រមាណ​៧គីឡូ​ម៉ែត្រ តាមផ្លូវហ្សាលដឺហ្គោល ដែល​​អម​សងខាង​ទៅ​ដោយ​​ដើម​ឈើ​ធំៗ​ខៀវ​ស្រងាត់ ជាតំបន់​ព្រៃការពារតំបន់អង្គរ។ ប្រាសាទ​នេះសាងសង់ឡើងនៅសតវត្ស​ទី១២ តាម​ការ​​បង្ហាញ​របស់​សៀវភៅ​ Angkor Wat Best collection 21 បាន​ឱ្យ​ដឹង​ថា​ប្រាសាទ​​នេះ​​ចំណាយ​ពេល​សាងសង់​អស់​រយៈពេល៣០ឆ្នាំ​មាន​ កំពស់៦៥ម៉ែត្រ និងផ្ទៃក្រឡាជាង២០០ហិចតា មានកំពែងព័ទ្ធជុំវិញ រួមជាមួយ​គូទឹកដែលមានទទឹង​២០០ម៉ែត្រ។ ផ្លូវ​ចូល​ទៅកាន់​គោបុរៈ​​កំពូលបី​នៃ​កំពែង ​ ប្រាសាទ​ក្រាល​​ដោយ​ថ្មភក់​ធំៗ​ជា​ស្ពាន​ឆ្លងកាត់​គូទឹក អមដោយ​សត្វនាគរាជជា​បង្កាន់ដៃប្រវែង២៥០​ម៉ែត្រ និង​ទទឹង១២ ម៉ែត្រ។ នៅ​ពេល​ចូល​ហួស​​កំពែង​ប្រាសាទ​ឃើញ​​មាន​បណ្ណាល័យ​ពីរ​ និង​ស្រះ​ទឹក​​ពីរ អមសងខាង​ផ្លូវចូល ដែលមាន ប្រវែង៣៥០​ម៉ែត្រ ទទឹង៩ម៉ែត្រ​មាន​នាគរាជ​​ជា​បង្កាន់ដៃ​ដូចគ្នា និងផ្លូវចូល​ទីមួយដែរ។ ប្រាសាទ​នេះ​មាន​ថែវ​ពីរ​​ជាន់ ដែល​នៅ​តាម​ថែវ​នីមួយៗ​មាន​ឆ្លាក់​ជា​​រូបអប្សរា​ពត់ពេន និងរឿងរ៉ាវ​ផ្សេងៗ ព្រមទាំងមាន សិលាចារិកជា​ច្រើននៅតាម សសរ​ភ្ជាប់​ពី​ថែវ​​មួយ​ទៅ​ថែវ​មួយ​​ទៀត​ផង។​ កំពូល​ទាំង​ប្រាំ​ឋិត​​នៅ​លើ​គ្រឹះ​មួយ​មាន​រាង ការេដែលជ្រុងនីមួយៗ​ប្រវែង ៦០​ម៉ែត្រ។​ គ្រឹះ​នេះ​មាន​កំពស់១៣ម៉ែត្រ មាន​ជណ្ដើរ​​ឡើង១២ ព័ទ្ធ​ជុំវិញ ហើយ​ជណ្ដើរ​នីមួយៗ​​មាន​ចំនួន​៤០កាំ ប្រាង្គ ដែល​ខ្ពស់​ជាងគេ​មាន​​កំពស់៤២ម៉ែត្រ​ពី​​ជាន់​ទី២។ កាលពីដើម​ឡើយប្រាង្គ​ដែល​ខ្ពស់ ជាងគេ​នេះ​មាន​រូប​​ព្រះវិស្ណុ​តម្កល់ នៅទីនោះ តែនៅពេល​បច្ចុប្បន្ននេះ​ត្រូវជំនួស​ដោយព្រះ​ពុទ្ធរូប​វិញ។ ក្រៅពី​អង្គរវត្ត​ដែល​ជា​ស្នា​ដៃ​ដ៏ល្បីល្បាញ​នេះ​ហើយ ខេត្តសៀមរាប​នៅ​​មាន​សំណង់​ប្រាសាទ​បុរាណ​រាប់រយ​​ផ្សេងទៀត នៅរាយប៉ាយស្ទើរគ្រប់ទី​កន្លែងក្នុងខេត្តទាំងមូល ដូចជា ប្រាសាទ​ភ្នំបាក់ខែង ប្រាសាទបាយ័ន ប្រាសាទបាពួន ​ព្រះបរមរាជវាំង ​ប្រាសាទភិមាន​អាកាស ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្ដី ប្រាសាទតាកែវ ប្រាសាទបន្ទាយស្រី ប្រាសាទ​មេបុណ្យ​ខាង​លិច ប្រាសាទ​បក្សីចាំក្រុង ប្រាសាទ ព្រះគោ ប្រាសាទ​លលៃ ប្រាសាទបាគង ទីលានព្រះ​គម្លង់ ប្រាសាទ​សួរព្រាត់​ ប្រាសាទព្រះខ័ន​ ប្រាសាទនាគព័ន្ធ​ ជាដើម។
+បារាយណ៍ខាងលិច
បារាយណ៍​ខាងលិច ជាបារាយណ៍ដ៏ធំជាង​គេបង្អស់នៅតំបន់អង្គរ ជាទីទប់​ទឹកសម្រាប់ឱ្យ​ប្រជាកសិករ​ខ្មែរ ស្រោចស្រព​ចំការ​​ដំណាំ​របស់​ពួកគេ។ បារាយណ៍​នេះ​ឋិត​​នៅ​ភាគ​ខាងលិច​នៃ​រាជធានី​អង្គរធំ មានទំហំ៨គីឡូ ​ម៉ែត្រx២,១គីឡូម៉ែត្រ កសាង​ឡើង​នៅ​សតវត្ស​​ទី១១​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យវរ្ម័នទី១ ​​ ហើយសាងសង់រួចរាល់នៅ រាជព្រះបាទឧទយាទិត្យវរ្ម័នទី២។​ នៅ​កណ្ដាល​ផ្ទៃ​ទឹក​នៃ​បារាយណ៍​​ខាងលិច​នេះ​មាន​ទី​ទួល​​កោះ​មួយ​ដែល​មាន​ សាងសង់ ប្រាសាទ សម្រាប់​បូជា​ដល់​ព្រះវិស្ណុ ឈ្មោះប្រាសាទមេបុណ្យខាងលិច​។ រូប​សំណាក​ព្រះវិស្ណុ​ផ្ទំ​នៅ​ទីនោះ​បច្ចុប្បន្ន​ត្រូវ​បាន​ ដាក់​តាំង​នៅ​សារមន្ទីរ​​ជាតិ​ទីក្រុងភ្នំពេញ។ ទេសចរអាចងូត​ទឹកកំសាន្ត ឬ​ជួល​ទូក​ជិះ​ទៅ​​ទស្សនា​ប្រាសាទ​​មេបុណ្យខាង ​លិច។
-បារាយណ៍ខាងកើត
បារាយណ៍ខាងកើតគឺជាបារាយណ៍​ធំជាងគេបំផុតទី២នៅ​តំបន់អង្គរ បន្ទាប់ពីបារាយណ៍​ខាងលិច។ បារាយណ៍​ នេះ​ឋិត​នៅ​ភាគខាង​កើត​​រាជធានី​អង្គរធំ កសាងឡើងនៅកំឡុងឆ្នាំ៩០០រជ្ជកាល​ព្រះបាទយសោវរ្ម័ន មាន​ទំហំ ៧,១៥០ម៉ែត្រx១,៧៤០ម៉ែត្រ អាច​ផ្ទុក​ទឹក​បាន​៥០លានម៉ែត្រគូប សម្រាប់​ផ្គត់ផ្គង់ទឹក​ដល់ប្រជាកសិករធ្វើស្រែចំការ។ នៅ​ចំកណ្ដាល​បារាយណ៍​​មាន​កូនកោះ​មួយ​តំណាង​​ឱ្យ​ភ្នំព្រះសុមេរុ​ដែល​ជា​លំនៅ​​ ឋាន​របស់​ព្រះវិស្ណុ​ គឺ​ប្រាសាទ​មេបុណ្យ​ ខាងកើត តែដោយសារ​បច្ចុប្បន្នបារាយណ៍​នេះរីងហួតទឹកអស់ ទើប​ប្រាសាទបុរាណ​មួយ​​នេះ​ត្រូវ​ឋិត​នៅ​លើដីទួល​ ធម្មតា។
-ភ្នំគូលែន

ភ្នំគូលែនឋិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន មានចម្ងាយ​ប្រមាណ៦០​គីឡូម៉ែត្រពីទីក្រុងសៀមរាប។ ភ្នំ​នេះ​ជា​រាជធានី​ដែល​​ព្រះបាទ​ជ័យវរ្ម័នទី២ បាន​ប្រារព្វ​ពិធី​​ទេវរាជ​តម្កើង​​ខ្លួន​​ឱ្យ​ស្មើ​អាទិទេព និងប្រកាសករាជ​​ពីប្រទេស ជ្វានៅឆ្នាំ៨០២នៃ​គ្រិស្តសករាជ។ ភ្នំ​នេះ​ពីដើម​មាន​​ឈ្មោះ​ថា មហិន្ទ្របព៌ត ជាទីតាំងដ៏ល្បីល្បាញមួយរបស់ខេត្ត សៀមរាបមាន​ទាំង​ប្រាសាទ​បុរាណ និងទឹកជ្រោះដ៏ស្រស់ស្អាតថែមទៀតផង។ នៅ​បាត​ស្ទឹង​សៀមរាប​លើ​កំពូល​ភ្នំ​នេះ មានឆ្លាក់សិវលិង្គ និងយោនី​នាងឧមាចំនួនមួយពាន់ ដែល​គេហៅទីនោះថាជាតំបន់​លិង្គមួយពាន់។ ធ្វើ​ដំណើរ​បង្ហួស​ តំបន់​លិង្គ​មួយ​ពាន់​​បន្តិច​គេ នឹងបានដល់ទីអារាម​ដ្ឋាន​ពុទ្ធសាសនា​មួយកន្លែង​នៅលើកំពូលភ្នំនោះ ដោយមានរូប សំណាក​ព្រះ​ពុទ្ធរូប​ចូល​បរិនិព្វាន​​មួយ​យ៉ាង​ធំ​ដែល​​ឆ្លាក់​ឡើង​​នៅ​​លើ​ថ្ម​ ដុះ​កំពស់​ប្រមាណ​៧.៥ម៉ែត្រ។ ព្រះអង្គធំ​នេះឆ្លាក់ ឡើងនៅក្នុងសតវត្ស​ទី១៦ ជា​ទី​សក្ការ​បូជា ហើយ​ប្រជាពល​រដ្ឋ​ខ្មែរ​តែង​មាន​ជំនឿ​​ថា​មាន​បារមី​សក្តិសិទ្ធ ខ្លាំងពូកែប្រចាំ នៅ​ភ្នំគូលែននេះ។ ក្រៅ​ពីនោះ​នៅ​​មាន​តំបន់​មួយ​ទៀត​ដែល​​ទេសចរ​មិន​ដែល​ភ្លេច​ឡើយ គឺ​ទឹកជ្រោះភ្នំគូលែន ដែល​ជា ទឹក​ធ្លាក់ធម្មជាតិ​ សម្រាប់ទេសចរណ៍​ងូតកំសាន្ត បំបាត់​ការនឿយហត់​​ក្នុង​ការ​ធ្វើដំណើរ​​ជាមួយ​ទឹក​ត្រជាក់ស្រឹប។ នៅក្បែរ ទឹកជ្រោះ​មាន​ប្រាសាទ​​បុរាណ​មួយ​បាក់​បែក​អស់ សាងសង់ពីថ្មបាយក្រៀម មាន​ឈ្មោះ​ថា​​ប្រាសាទក្រោល​រមាស។ 
-ភូមិវប្បធម៌

ភូមិវប្បធម៌ដែលមានទីតាំងនៅក្នុងក្រុងសៀមរាបត្រូវបានសាងសង់ឡើងនៅពាក់កណ្ដាលឆ្នាំ២០០១ ហើយ បើក​ឱ្យ​មាន​ការ​ចូល​ទស្សនា​នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៣។ ភូមិវប្បធម៌រៀបចំ​ឡើងនៅ​លើផ្ទៃដីប្រមាណ ២១០០០០ម៉ែត្រការេ មាន​ភូមិ​ចំនួន១២ ដែល​បង្ហាញ​នូវ​ប្រពៃណី​ទំនៀម​ទម្លាប់​ខុសៗ​​គ្នា​ទៅ​តាម​វប្បធម៌​នៃ​ជនជាតិ ចំនួន១៩។ នៅ​តាម​បណ្ដា​ភូមិ​នីមួយៗ​អ្នក​ទស្សនា​អាច​រីករាយ​ជាមួយ​ការ​សំដែង​ជា​ លក្ខណៈ​វប្បធម៌​ផ្សេងៗ​ដូចជា ការ រាំរបាំអប្សរា ការសំដែង​ការរៀបអាពាហ៍ពិពាហ៍ ការសំដែង​របាំផ្សេងៗ កីឡាប្រដាល់ក្បាច់​គុនបុរាណខ្មែរ និង ការ​លេង​ល្បែង​ប្រជាប្រិយ​ជាដើម។ មិនតែប៉ុណ្ណោះ​ក៏មានការបង្ហាញពីរបៀប ឆ្លាក់រូបអំពីឈើ ថ្ម ក្រមួន លោហ​ ធាតុ។ល។ ព្រមទាំង​មាន​សំណង់​ប្រវត្តិសាស្ត្រ​ដែល​​ឆ្លាក់​​ជា​និមិត្តរូប​ផងដែរ។


ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews