
ឯកសារ វប្បធម៌-អរិយធម៌ខ្មែរ ដែលរៀបរៀងដោយលោកសាស្ត្រាចារ្យ ពន់ ឆាយ បានរៀបរាប់ឲ្យដឹងថា រហូតមកដល់អំឡុងឆ្នាំ១៩៦៥ ទើបក្រុមស្រាវជ្រាវនៃអភិរក្សមន្ទីរជាតិនៃទស្សនីយភាព និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចុះទៅធ្វើការស្រាវជ្រាវ រៀនសូត្រ ដល់ទីកន្លែង ហើយបានអញ្ជើញគ្រូដើមដែលនៅចេះចាំរបាំនេះ ឈ្មោះលោកគ្រូ “វ៉ាត” ជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយក្នុងខេត្តស្វាយរៀង។ លោកមានចរិតចូលចិត្តកំប្លុកកំប្លែង ទាំងពាក្យសម្តី ទាំងកាយវិការ ហើយព្រមទាំងចេះប្រើសំឡេងត្រាប់តាមសំឡេងឧបករណ៍ភ្លេងយ៉ាងកំប្លែងថែមទៀតផង។ លើសពីនេះលោកបានមកជួយបង្រៀននៅអភិរក្សមន្ទីរជាតិ នៃទស្សនីយភាពក្រុងភ្នំពេញផងដែរ។

ប្រភពខាងលើនេះ បន្តថា ក្រោយពេលនោះមក ទើបអ្នកសិក្សាចាប់ផ្តើមដំឡើងជារបាំ ដែលមានទ្រង់ទ្រាយដូចអស់លោកអ្នកនាងបានឃើញសព្វថ្ងៃនេះឡើង។ របាំគោះត្រឡោក ឬរបាំកណ្តូបសេះនេះ ត្រូវបានដំឡើងហើយស្រេច ហើយចាប់ប្រើប្រាស់ជាផ្លូវការ ដោយចាប់ផ្តើមសម្តែងជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាចាប់ពីឆ្នាំ១៩៦៦ ជារៀងរហូតមក។
ប្រភពដដែលនេះ បន្ថែមទៀតថា របាំគោះត្រឡោក ឬរបាំកណ្តូបសេះនេះដែរ ខុសប្លែកពីរបាំប្រពៃណីឯទៀតជាច្រើន ដែលច្រើនតែទាក់ទងទៅនឹងជំនឿ អារក្ខអ្នកតា អ្នកដូន ជាដើម។ ប៉ុន្តែផ្ទុយទៅវិញ របាំកណ្តូបសេះនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ នៅស្រុករមាសហែក ខេត្តស្វាយរៀងនិយមយកមកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍មង្គលការកូនប្រុសស្រី ពិសេសគឺប្រើក្នុងពិធីហែកូនកំលោះទៅវិញ។
ក្នុងពិធីហែកូនកំលោះទៅកាន់ផ្ទះខាងស្រី ជាអាទិ៍នោះ គឺដើម្បីបង្កបរិយាកាសរីករាយសប្បាយផង និងញ៉ាំងពិធីឲ្យអធិកអធមផង រីឯអ្នករាំមានស្រី មានប្រុស ម្នាក់ៗកាន់ត្រឡោកដូង ដែលខាត់រលីងយ៉ាងស្អាតមួយគូ ហើយម្នាក់ៗដែលនិយមហៅថា “ត្រឡោកញីឈ្មោល” រួចហើយរាំក្នុងចង្វាក់ប្រពៃណីខ្មែរ (ភ្លេងការ) ក្នុងចលនាស្វាហាប់ញាប់រន្ថាន់ ក្បាច់ប្រទាក់ខ្វែងគ្នា ដូចសត្វកណ្តូបសេះ និងមានលក្ខណៈក្រមិចក្រមើម កំប្លុកកំប្លែងសប្បាយរីករាយថែមទៀតផង។
ម្យ៉ាងទៀត បើតាមការនិយមរបស់ខ្មែរយើងយល់ថា ការរាំរបាំគោះត្រឡោក ឬ របាំក្បាច់កណ្តូបសេះ នៅក្នុងអាពាហ៍ពិពាហ៍មង្គលការនេះ គឺជាការបង្កើតឲ្យមានសិរីសួស្តី ព្រោះ “ត្រឡោកញីឈ្មោល” នេះ ចំពោះជនជាតិខ្មែរយើងយល់ថា ជានិមិត្តរូបសម្បត្តិ ធម្មជាតិ ជាពិសេសភោគផលកសិកម្មនៃជាតិរបស់ខ្លួន។ ជាងនេះទៅទៀត “ត្រឡោកញីឈ្មោល” គឺតំណាងទឹក តំណាងដី ដែលជាប្រភពផ្តល់ជីជាតិសម្រាប់ភោគផលកសិកម្មដុះលូតលាស់ និងម្យ៉ាងទៀត “ត្រឡោកញីឈ្មោល” ដដែលនេះ គឺជានិមិត្តរូបនៃការចងសម្ព័ន្ធរវាងភេទស្រី និងភេទប្រុស ដែលនាំមកនូវការរីកចម្រើនបន្តពូជ៕ ប្រភពៈ cen.com.kh