ឃាត់ខ្លួនប្រុសស្រី ៤នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ខុសច្បាប់
ភ្នំពេញ: លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៣ និង ៣០ នាទី ទៀបភ្លឺថ្ងៃទី២ ខែមករា ឆ្នាំ២០១៣។ ប្រតិបត្តិការនោះ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន បាន ៤នាក់ ក្នុងនោះ ស្រី ៣នាក់ ប្រុសម្នាក់ ព្រមទាំងដកហួតបានថ្នាំញៀន ៥កញ្ចប់ ដែលមានកញ្ចប់ធំ២ កញ្ចូប់តូច៣ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួនទៀត។
លោកអធិការខណ្ឌសែនសុខ ម៉ក់ ហុង បានឲ្យដឹងថា យុទ្ធនាការចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយសម្បុកនេះ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ ៤នាក់។ ក្នុងនោះស្រី ៣នាក់ ប្រុសម្នាក់ រួមមានឈ្មោះ ទី១-ស្រីមុំ អាយុ ១៤ឆ្នាំ, ទី២-ទូច ម៉ី អាយុ ២៣ឆ្នាំ មុខរបរកម្មការិនីកាត់ដេរ, ទី៣-សេង ចាន់ធួន អាយុ ១៧ឆ្នាំ មុខរបរកម្មការិនីកាត់ដេរ និងទី៤-ញឹក ប៊ុនធឿន ភេទប្រុស អាយុ ២១ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ទើបតែចេញពីពន្ធនាគារព្រៃស កាលពីខែឧសភា។ អ្នកទាំងនោះជាប់ចោទពីបទចែកចាយគ្រឿងញៀនខុសច្បាប់។
ក្នុងនោះ ប៉ូលិសក៏បានដកហូតថ្នាំញៀន ៥កញ្ចប់ ដោយមានកញ្ចប់ធំ២ កញ្ចប់តូច៣ និងឧករណ៍ជក់មួយចំនួន។
ជនសង្ស័យទាំង ៤នាក់ និងវត្ថុតាង រឹបអូសបានត្រូវបានប៉ូលិសបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ប្រភព៖cen.com.kh