កម្មវិធី ថ្ងៃទីបួន នៃព្រះរាជពិធីរំកិល ដង្ហែ និងថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ សម្តេចតា
ភ្នំពេញ: ព្រះរាជកម្មវិធី នៅថ្ងៃទីបួន ត្រូវនឹងថ្ងៃចន្ទ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ គឺជាថ្ងៃថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចឪ សម្តេចតា សម្តេចតាទួត នៅវេលាល្ងាច ដោយព្រះមហាក្សត្រ និងសម្តេចម៉ែ ថ្វាយព្រះភ្លើង បូជាព្រះបរមសព។ ឥស្សរជននយោបាយជាតិ និងអន្តរជាតិ ក៏នឹងចូលរួមផងដែរ។
ព្រះរាជកម្មវិធី នៅថ្ងៃទីបួន ត្រូវនឹងថ្ងៃចន្ទ ៩រោច ខែបុស្ស ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០១៣៖
-ម៉ោង ៦ ដល់ម៉ោង ១២ ថ្ងៃត្រង់: ព្រះរាជកម្មវិធីដូចថ្ងៃទី៣។
ព្រះរាជពិធីថ្វាយផ្កាខ្លឹមចន្ទន៍ និងថ្វាយព្រះភ្លើង
- ម៉ោង១៦: ជួបជុំមន្ត្រីសង្ខ ព្រះរាជវង្សានុវង្ស ចៅជិត ចៅចម ជំទាវ ខុនណាង សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ នាម៉ឺនសព្វមុខមន្ត្រី ទាហាន ស៊ីវិល មន្ត្រីកិត្តិយស នៅជុំវិញព្រះមេរុ តាមឋានានុក្រម (តាមសេចក្តីអញ្ជើញ)។
-ម៉ោង ១៦ និង ៣០ នាទី: ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត “នាយបេសកកម្មទូត” និងស្វាមី ឬភរិយា អញ្ជើញដល់ព្រះពន្លាខាងត្បូង។ (កងកិត្តិយស និងត្រែទ័ព ជូនវន្ទនកិច្ច)។
-សម្តេចជាព្រះរាជវង្សានុវង្ស និងអ្នកម្នាង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ (តាមព្រះបរមរាជានុញ្ញាត) ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អនុប្រធាន និងប្រធានគណៈកម្មការព្រឹទ្ធសភា រដ្ឋសភា និងលោកជំទាវ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល យាងនិងអញ្ជើញដល់ព្រះពន្លាខាងត្បូង។
-ម៉ោង ១៧ និង ១០ នាទី: សម្តេចអគ្គមហាធម្មពោធិសាល សម្តេចអគ្គមហាពញាចក្រី និងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត សម្តេចចៅហ្វាវាំង និងលោកជំទាវ អញ្ជើញដល់ព្រះពន្លាខាងត្បូង (កងកិត្តិយស និងត្រែទ័ព ជូនវន្ទនកិច្ច)។
-ម៉ោង ១៧ និង ២០ នាទី: គណៈប្រតិភូជាន់ខ្ពស់ប្រទេសនានាជាមិត្ត អញ្ជើញដល់ (កងកិតិ្តយស និងភ្លេងត្រែទ័ព ជូនវន្ទនកិច្ច)។
-ម៉ោង ១៧ និង ៤០ នាទី: ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងដល់។ (កងកិត្តិយសនិងត្រែទ័ពថ្វាយព្រះរាជវន្ទនកិច្ច)។
-ម៉ោង ១៧ និង ៥០ នាទី: និមន្តព្រះសង្ឃ៩០អង្គ ស្វាធ្យាយព្រះសត្តប្បករណ៍។
+ព្រះពន្លាខាងត្បូង
- ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងតាមជណ្តើរខាងត្បូងព្រះមេរុថ្វាយផ្កាខ្លឹមចន្ទន៍។
- សម្តេចអគ្គមហាធម្មពោធិសាល សម្តេចអគ្គមហាពញាចក្រី និងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត សម្តេចចៅហ្វាវាំង និងលោកជំទាវ ។
-គណៈប្រតិភូជាន់ខ្ពស់នានាជាមិត្ត (អញ្ជើញតែប្រធានគណៈប្រតិភូ និងលោកជំទាវ) សម្តេចជាព្រះរាជវង្សានុវង្ស និងអ្នកម្នាង និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ (តាមព្រះបរមរាជានុញ្ញាត) យាង និងអញ្ជើញចូលតាមជណ្តើរខាងត្បូង ព្រះមេរុ ថ្វាយផ្កាខ្លឹមចន្ទន៍។
-ឧបនាយរដ្ឋមន្ត្រី និងលោកជំទាវ អនុប្រធាន និងប្រធានគណៈកម្មការព្រឹទ្ធសភា រដ្ឋសភា និងលោកជំទាវ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល អង្គទូត “នាយបេសកកម្មទូត” ស្វាមី ឬភរិយា អញ្ជើញចូល និងចេញតាមជណ្តើរខាងជើងព្រះមេរុ។
+ព្រះពន្លាខាងជើង និងគ្រប់វេទិកា
- ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការ ទាហាន ស៊ីវិល និងភ្ញៀវកិត្តិយសឯទៀត យាងនិងអញ្ជើញថ្វាយផ្កានៅទីកន្លែងរៀបចំជូន នៅជុំវិញបរិវេណព្រះមេរុ។
-ម៉ោង ១៨: -ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងថ្វាយព្រះភ្លើងផ្ទាល់ព្រះអង្គ (ក្រុមបារគូថ្វាយស័ង្ខ កាំភ្លើងធំបាញ់១០១ណាត់ និងអុជកាំជ្រូច ភ្ញីទៀន ភ្លេងពិណពាទ្យ ភ្លេងក្លងឆ្នៈ ប្រគំកំដរ។ កងកិត្តិយសត្រែទ័ព និងក្រុមទាហាន នគរបាលទាំងអស់ ថ្វាយព្រះវន្ទនកិច្ច)។
- ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងព្រះរាជទាន ឲ្យគណៈប្រតិភូជាន់ខ្ពស់ នានាជាមិត្ត និងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត “នាយបេសកកម្មទូត” ស្វាមី ឬភរិយា ថ្វាយបង្គំលា និងប្រទានវត្ថុអនុស្សាវរីយ៍។
-ព្រះករុណាជាអ ម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានដោះលែងអ្នកទោសជាង ៤០០ នាក់ នៅមុខព្រះមេរុ និងប្រទានព្រះរាជអំណោយ រួចស្តេចយាងនិវត្តវិញ។ (កងកិត្តិយស និងត្រែទ័ពថ្វាយព្រះរាជវន្ទនកិច្ច)។
គ្រឿងទ្រង់ សម្លៀកបំពាក : ដូចថ្ងៃទីមួយ
ម៉ោង ១៨ និង ៣០ នាទី: ព្រះរាជពិធីសាសនា (យប់នេះ ពុំមានព្រះសង្ឃសូត្រអភិធម្មទេ)។