ថ្ងៃទី៦ នៃព្រះរាជពិធីបុណ្យព្រះបរមសពនៅទីលានព្រះមេរុ
រហូតដល់ល្ងាចម៉ោង ៥ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលជាថ្ងៃទី៦ នៃព្រះរាជពិធីបុណ្យ ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ បានប្រារព្ធឡើង តាមប្រពៃណីសាសនា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាវីរក្សត្រ សម្តេចម៉ែ ព្រះរាជវង្សានុវង្ស សម្តេចហ៊ុនសែន សម្តេចហេងសំរិន រួមទាំងថ្នាក់ដឹកនាំកំពូលៗ និងនាម៉ឺនសព្វមុខមន្ត្រីជាច្រើនទៀត។
ក្នុងព្រះរាជពិធីនៅល្ងាចនេះ ក៏មានព្រះសង្ឃ ព្រះធម្មកថិក ៣ អង្គ សម្តែងព្រះទេសនាសង្គាយនា អានត្រៃ ៤ អង្គ ហត្ថបាស ៩០ អង្គ នៅក្នុងព្រះពន្លាខាងត្បូង។
នៅពេលយប់ ក៏នឹងមានការអុជប្រទីបជ្វាលា នៅព្រះមេរុ និងបរិវេណជុំវិញ និងអុជកាំជ្រូច ភ្ញីទៀនផងដែរ។
ដោយឡែកនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ ជាព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ឬព្រះបរមធាតុ សម្តេចព្រះមហាវីរក្សត្រ ពីទីលានព្រះមេរុ ទៅតម្កល់នៅប្រាសាទព្រះទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង៕