Blogger templates

3:47 AM
0
ភ្នំពេញៈ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ បានបញ្ជាឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវនាំគ្នា ទប់ស្កាត់ និងបញ្ចប់ទាំងស្រុងនូវការជួញដូរ និងដឹកជញ្ជូនឈើគ្រញូងនៅក្នុង ស្រុក និងក្រៅស្រុក។
នៅក្នុងពិធីអញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ការ កាប់ឈើខុសច្បាប់ និងការជួញដូរឈើគ្រញូង ត្រូវបញ្ចប់ការប្រើប្រាស់ទាំងក្នុង ស្រុក និងក្រៅប្រទេស ហើយស្នើសុំឲ្យប្រទេស ដែលធ្លាប់ទិញឈើ គ្រញូងត្រូវបញ្ឈប់ការបញ្ជាទិញ។
សូមបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនឈើគ្រញូង ពីតាមបណ្ដាខេត្ដ នៅភាគខាងលិចភាគខាងជើង រួមទាំងភាគ ឦសាន យកទៅលក់នៅប្រទេសចិន ដែលជាទីផ្សារធំ ឆ្លងកាត់តាមប្រទេសវៀតណាម ជាឈ្មួញកណ្ដាល និងតាមដែនសមុទ្រ ត្រូវ បានគេដឹងថា នៅតែកើតមានជារៀងរាល់ថ្ងៃ ។ ក្នុងនោះក្រុមឈ្មួញ ដែលរកស៊ីដឹកជញ្ជូន ឈើគ្រញូង ត្រូវបានគេ ដឹងថា ចែកចេញជាពីរប្រភេទដាច់ពីគ្នា ដោយប្រភេទទី១ គឺជាឈ្មួញគ្រាក់ៗ មានបណ្ដាញខ្សែបណ្ដោយរត់ពន្ធ ដឹកជញ្ជូន ជាខ្សែ សង្វាក់ ដោយមានមន្ដ្រីមានអំណាចឈរនៅពីក្រោយខ្នង ដោយក្រុមនេះភាគច្រើន គឺធ្វើការប្រមូលទិញឈើ គ្រញូងនៅតាមបណ្ដាខេត្ដ ជាប់ព្រំដែនប្រទេសថៃ ពេលបានច្រើន ទើបពួកគេប្រើប្រាស់រថយន្ដ ប្រភេទយីឌុបធំៗ ដឹកចេញយកឆ្ពោះទៅកាន់ប្រទេសវៀតណាម  ដែលភាគច្រើនចេញតាមច្រកខេត្ដកំពង់ចាម និងច្រកបន្ទាយចក្រី ខេត្ដព្រៃវែង ដែលក្រុមឈ្មួញគ្រាក់ៗនេះ គឺដឹកចេញពេលយប់ដោយចំហតែម្ដង ដោយសារតែពួកគេមានខ្នងក្រាសៗរត់ ផ្លូវ បង់លុយសមត្ថកិច្ចតាមតូចតាមធំជាមុនរួចទៅហើយ ។
ចំណែកឈ្មួញប្រភេទទី២ គឺជាឈ្មួញល្អិតល្អោច ដែលរកស៊ីដឹកជញ្ជូនតាមរថយន្ដតូចៗ យកទៅលក់ឱ្យឈ្មួញធំ ដែលឈរចាំប្រមូលទិញ នៅក្បែរព្រំដែនប្រទេស វៀតណាម ក្នុងទឹកដីខេត្ដកំពង់ចាម ហើយឈ្មួញប្រភេទនេះ រួមទាំងអ្នករត់ការផ្លូវជំនួស ភាគច្រើនត្រូវបានគេដឹង ថា គឺជាសមត្ថកិច្ច ដែលមានភារកិច្ចនៅ តាមដងផ្លូវតែម្ដង ។
ក្រៅពីសកម្មភាពរកស៊ីឈើគ្រញូងខាងលើនេះ ករណីនាំឈើគ្រញូងចេញតាមច្រកសមុទ្រ ខេត្ដកោះកុង ក៏ត្រូវបានគេបង្ហើបឱ្យដឹងថា មានទ្រង់ទ្រាយធំផងដែរ ដោយក្នុងនោះ ឈើគ្រញូងខាងលើនេះ ត្រូវបានគេកាប់និងប្រមូលទិញ នៅក្នុងខេត្ដពោធិ៍សាត់ , ខេត្ដកោះកុង រួច ហើយដឹកជញ្ជូនយកមកស្ដុកទុក នៅក្នុងស្រុកថ្មបាំង ខេត្ដកោះកុង ហើយពេលប្រមូលទិញបានច្រើន ទើបគេយក សាឡង់ចូលទៅដឹកចេញតាមដងស្ទឹង ឆ្ពោះទៅកាន់សមុទ្រ រហូតដល់សមុទ្រអន្ដរជាតិ ឬតំបន់ដែនកោះណាមួយ នៅក្នុងប្រទេសកម្ពុជា ទើបមានកប៉ាល់បរទេស ចូលមកដឹកយកចេញទៅ ដែលទិសដៅសំខាន់ឆ្ពោះទៅកាន់ ប្រទេសចិន ។
សកម្មភាពនាំឈើគ្រញូង ចេញតាមច្រកសមុទ្រខាងលើនេះ ត្រូវបានគេអះអាងថា ធ្វើឡើងក្នុង រូូបភាពស្ងប់ស្ងាត់ ដោយដឹងតែសមត្ថកិច្ច ដែលមានភារកិច្ចទទួល បានលាភសក្ការ ពីក្រុមឈ្មួញឈើខាងលើនេះ តែប៉ុណ្ណោះ  មិនឈូរឆ ដូចចេញតាមផ្លូវគោក ដែលរថយន្ដដឹកឈើគ្រញូងភាគច្រើន ឧស្សាហ៍បង្កគ្រោះថ្នាក់ ចរាចរ សមត្ថកិច្ចចាប់បាននោះឡើយ។
គេថា ប្រសិនបើរាជរដ្ឋាភិបាលមានបំណង លុបបំបាត់ការជួញដូរឈើគ្រញូង ឱ្យមានប្រសិទ្ធភាពនោះ គឺមិនពិបាក នោះឡើយ កោះហៅតែមន្ដ្រី សមត្ថកិច្ច នៅតាមបណ្ដាខេត្ដ ដែលមានឈើគ្រញូងដឹកឆ្លងកាត់ មកសួររកមុខមេ ខ្លោងធំៗនៅពីក្រោយខ្នង ហើយធ្វើការបង្ក្រាបនោះ នឹងលែងមានអ្នកហ៊ានរកស៊ីទៀតហើយ ព្រោះឈ្មួញរកស៊ី ឈើគ្រញូង មិនថាអត់ខ្នង ឬក៏មានខ្នងក្រាសប៉ុណ្ណានោះទេ ឱ្យតែរាល់ពេលដឹកជញ្ជូន តែងតែជូនដំណឹងទៅ អាជ្ញាធរសមត្ថកិច្ចជាមុន ដើម្បីចរចាពីតម្លៃបង់លុយ ទើបអាចដឹកជញ្ជូនទៅដោយរលូន គ្រាន់តែបង់តិច ឬច្រើន តែប៉ុណ្ណោះ

ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews