Blogger templates

12:36 AM
0

somdech meet japan
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាច​ក្រកម្ពុជាបាន ស្វាគមន៍ចំពោះគោលបំណង របស់គណៈប្រតិភូ
សហព័ន្ធ​សភាពាណិជ្ជកម្មជប៉ុនដឹកនាំដោយលោក Yonekura Hiromasa ក្នុងការមកបណ្ដាក់ទុននៅកម្ពុជា ព្រមទាំង បានផ្តល់​នូវ​អនុ​សាសន៍​មួយ​ចំនួន​ដល់គណៈប្រតិភូផងដែរ។​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីឲ្យដឹងថាក្នុងឳកាសទទួលសវនការ ជាមួយ គណៈប្រតិភូសហព័ន្ធសភាពាណិជ្ជកម្មជប៉ុនដឹកនាំដោយលោក Yonekura Hiromasa នៅវិមាន​ សន្តិភាព នាថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០១៣សម្តេចតេជោបានមាន​ប្រសាសន៍ថា​អាស៊ាន​នឹងក្លាយ​ជាសហគមន៍​សេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ២០១៥ នេះ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធមាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​ ដែលពេល​នេះកម្ពុជា ​កំពុងតែខិត​ខំរក ជំនួយបន្ថែម ដើម្បីកសាង​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្ទៃក្នុង បើពុំនោះទេ កម្ពុជាមិនអាច​តភ្ជាប់​ទៅខាង ក្រៅបាន​ឡើយ។សម្តេចតេជោនាយក​រដ្ឋមន្ត្រី​ក៏បាន​រំលឹកឡើង ​អំពី​វិស័យ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​​មាន​ផ្លូវគោក​ ផ្លូវដែក ​ផ្លូវទឹក​ កំពង់ផែ ផ្លូវ​អាកាស​ អគ្គិសនី​ ក៏ដូចជា​ប្រព័ន្ធ​ស្រោចស្រព​ផង​ដែរ។ ពាក់ព័ន្ធ​នឹងវិស័យ​អគ្គិសនី​សម្ដេច​តេជោនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា កម្ពុជា កំពុងតែ​ស្ថិត​នៅ​ក្នុង​រដូវប្រាំង​ ហើយ​ភ្នំពេញ​សព្វថ្ងៃ​កំពុងតែ​មានកង្វះខាត​អគ្គិសនី​ប្រមាណ​ជា ​៦០ មេ​ហ្គា វ៉ា​ត់ ​ប៉ុន្តែ​តាម​ការ​ទស្សន៍ទាយ​នៅក្នុង​ឆ្នាំ​ ២០១៤​ ខាងមុខ​កង្វះខាត​នេះ​នឹង​ចុះថយ​។​កម្ពុជា​សូម ស្វាគមន៍​នូវ​ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មីៗ​របស់​ជប៉ុន និង​បទពិសោធន៍​ដើម្បី​ធ្វើការ​វិនិយោគ​លើ វិស័យ​អគ្គិសនី​នេះ។
សម្តេច​តេជោបាន​ស្វាគមន៍​​ ចំពោះ​ការ​វិនិយោគលើវិស័យ​បច្ចេកវិទ្យា​របស់​ជប៉ុន ព្រោះការ​វិនិយោគ​នេះ​ បាន​កាត់បន្ថយ​កុំ​ឲ្យ​មានការ​បំពុល​ដល់​បរិស្ថាន។ សម្តេច​តេ​ជោ​ក៏បាន​ស្វាគមន៍ ចំពោះ​សេចក្តី​ថ្លែងការណ៍​នៅ​ទីក្រុង​តូក្យូ ដែល​សុំ​ឲ្យ​ជប៉ុន​ធ្វើការ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ក្នុង តំបន់​មេគង្គ​ជៀសវាង​ការ​វិនិយោគ​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាង​ទន្លេមេគង្គ និង​បរិស្ថាន​ជុំ វិញ​ទន្លេ​នេះ។ សម្តេចតេជោនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កម្ពុជា​មាន​មហិច្ឆតា​ខ្ពស់​ណាស់ គឺ​មិនត្រឹមតែ ចង់បាន​អគ្គិសនី​នៅតែទីក្រុង​ឬ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា​ចង់​ឲ្យ​មាន​អគ្គិសនី រហូត​ទៅដល់​ជនបទ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជនបទ​មាន​អគ្គិសនី​ប្រើប្រាស់។ សម្តេតេជោ​បញ្ជាក់ថាសម្តេច​សូម​ ស្វាគមន៍​ការ​វិនិយោគ​ទាំងឡាយណា ដែល​ពាក់ព័ន្ធ​នឹង​អគ្គិសនី​ពី​ប្រទេស​ជប៉ុន។ពាក់ព័ន្ធនឹងការវីនិយោគពីបរទេស សម្តេច​តេ​ជោ​ថ្លែងថា កម្ពុជា​អនុញ្ញាត​ឲ្យ​បរទេស​ដាក់ទុន​វិនិយោគ ១០០ ភាគរយ បង្កើត​ក្រុមហ៊ុន ១០០ ភាគរយ​ខ្លួនឯង ដោយ​មិន​តម្រូវ​​ឲ្យ​មាន​ភាគហ៊ុន​របស់​អ្នក​ក្នុងស្រុក​ឡើយ ហើយ​ការប្រើប្រាស់​រូបិយប័ណ្ណ​គឺ​មាន​ការ ​អនុគ្រោះ​ឲ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​ក៏ដូចជា ឲ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​នោះ​បើកប្រាក់​ខែ​ពលករ ផងដែរ។
លោក Yonekura Hiromasa ប្រធានគណៈប្រតិភូ​​ សហព័ន្ធ​សភាពាណិជ្ជកម្ម​ជប៉ុន បាន​ជំរាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីថា គណៈប្រតិភូ​របស់​លោក​ទាំងមូល​គឺ​ចង់​សហការ​ជាមួយនឹង​កម្ពុជា ជាពិសេស​នៅ​លើ​បញ្ហា​ពាណិជ្ជកម្ម វិនិយោគ និង​សហប្រតិបត្តិការ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ សម្រួល​បរិយាកាស​វិនិយោគ​នៅក្នុង​ប្រទេស កម្ពុជា​ដើម្បី​ទាក់ទាញ អ្នកវិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនឡើង។
ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ លោក Yonekura Hiromasa តាងនាម​គណៈប្រតិភូ​ទាំងមូល បាន​ជំរាបជូន​សម្តេច​តេ​ជោ​អំពី​សារៈសំខាន់​លើ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​រឹង និង​​ទន់​ ព្រោះថា ​អាស៊ាន​ទាំងមូល​នឹង​បង្កើត​ជា​សហគមន៍​នៅក្នុង​ឆ្នាំ ២០១៥ ដូច្នេះ​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា កត្តា សំខាន់ ដែល​គណៈប្រតិភូ​ចង់​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា សហការ​ជាមួយ​វិស័យ​ឯកជន នៅ​កម្ពុជា លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ប្រព័ន្ធ​ធារាសាស្ត្រ​ កំពង់ផែ ជាពិសេស​លើ​វិស័យ ថាមពល និង​ធនធាន​រ៉ែ ​វិស័យ​ធនាគារ។ ​ តាងនាម​ឲ្យ​ធនាគារ​មួយនៅប្រទេសជប៉ុន​ លោក ​Yonekura​ Hiromasa ​បាន​ជំរាប​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ថា ក្រុមហ៊ុន​នេះ​ចង់​ចូលរួម​ជាមួយនឹង​ធនាគារជាតិ​នៃ ​កម្ពុជា ​និង​ធនាគារឯកជន​នៅ​កម្ពុជា​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​វិស័យ​ធនាគារ​នេះ​បាន​កាន់តែ​ល្អ​ប្រសើរ ​ឡើង ដើម្បី​ជា​ជំនឿ​ទឹកចិត្ត​ដល់​វិនិយោគទុន​បរទេស​មកកាន់​​ប្រទេសកម្ពុជា​។ ឯកឧត្តម អ៊ាង សុផល្លែតបានអោយដឹងថា នៅ​ក្នុង​ន័យ​នេះ​ លោក Yonekura Hiromasa ​បាន​ស្នើសុំ​សម្តេច​តេ​ជោ ​ហ៊ុន សែន​ ពិចារណា​សម្រួល​សម្រាប់​ធនាគារ​បរទេស ​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍វិស័យ​ធនាគារ​នៅ​កម្ពុជា​។
សម្ដេច​តេជោនាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​នូវ​មតិ​និង​សំណើ​របស់​ប្រតិភូ​ទាំងមូល ដោយមាន​ប្រសាសន៍​ថា ជប៉ុន​បាន​ជួយ​កម្ពុជា​ច្រើន​ជាងគេ​លើ​ជំនួយឥតសំណង​ ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ ដែល​ជា​កត្តា​សំខាន់​មិន​ត្រឹមតែ​សម្រាប់​កម្ពុជា​ទេ​គឺ​សម្រាប់​អាស៊ាន និង​តំបន់​មេគង្គ​ផងដែរ។ សម្តេច​តេជោមានប្រសាសន៍ថា ផ្លូវ​នៅក្នុង​ប្រទេស​កម្ពុ​ជា​មាន​ទំហំ​តូច ​ហើយ​ត្រូវការ​ពង្រីក​បន្ថែម ដូច្នេះ​ការ ចូលរួម​ពី​វិស័យ​ឯកជន​គឺជា​ការចាំបាច់ ​ហើយ​នយោបាយ​របស់​កម្ពុជា​គឺ​មិន​មាន​ការរើសអើង​រវាង អ្នក​វិនិយោគ​ក្រៅឬ​ក្នុង​ប្រទេស​ទេ​ឬ​ប្រទេស​ណា​នោះ​ទេ​ឬ​ក្រុមហ៊ុន​តូច​ឬក៏​ធំ​ដែរ និយាយ​រួម គឺ​ក្រុម ហ៊ុន​ណា​មកដល់​មុន​កម្ពុជា​នឹង​ស្វាគមន៍​មុន។ សម្តេចតេជោ​ក៏បាន​ជំរាប​ជូន​គណៈប្រតិភូ​ថា កម្ពុ​ជា​មាន វេទិកា​រដ្ឋាភិបាល​និង​ឯកជន ដែល​ក្នុង​នោះ​បាន​ជួយ​សម្រួល​ កាត់បន្ថយ​ការ​លំបាក​ដល់​អ្នក​វិនិយោគ​ នៅក្នុង​កម្ពុជា។ ពាក់ព័ន្ធ​នឹង​សំណើ​ពិចារណា និង​សម្រួល​សម្រាប់​ធនាគារ សម្តេច​បាន​មានប្រសាសន៍ថា កម្ពុជា​ស្វាគមន៍​ការ​បើក​សាខា​ឬក៏​ធនាគារ​បរទេស​មក​កម្ពុជា។ កម្ពុជា​មិន​មាន​ការរើសអើង​អ្វី​ទេ យើង ស្វាគមន៍​ឲ្យ​បើក​ហើយ​សង្ឃឹមថា ជប៉ុន​នឹង​ចូលរួម​បើក​សាខា​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​ជាមិន​ខាន​ឡើយ។
ដោយឡែកលោក ​ចម ប្រសិទ្ធ ​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយពី​ជំនួប​ជាមួយ​តំណាង​ក្រុមហ៊ុន​វិនិយោគទុន​ជប៉ុន​ចំនួន​១៥០​ នាក់​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈឆ្នាំ២០១៣ ​ថា ​សម្រាប់​ឆ្នាំ​២០១២​ ចំនួន​អ្នកវិនិយោគទុន​ជប៉ុន​មក​កម្ពុជា​បាន​ហក់​ឡើង​ខ្ពស់​គូរ​ឲ្យ​ភ្ញាក់ផ្អើល​ ដែល​ឈាន​រហូតដល់​ចំណាត់ថ្នាក់​លេខ​៤។
បើតាម​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បញ្ជាក់​ថា ជប៉ុន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​៦០ ឆ្នាំ​មក​ហើយ ដែល​យើង​បាន​ប្រារឰ​ខួប​នៃ​ទំនាក់ទំនង​ការទូត​នេះ កាលពី​ខែមករា កន្លងទៅ​ថ្មីៗ​នេះ។ លោក​បន្ត​ថា “​និយាយ​រួម​ប្រទេស​ជប៉ុន​ជា​ប្រទេស​មហាមិត្ត​មួយ​របស់​យើង​ដែរ ហើយ​ប្រទេស​ជប៉ុន​ជា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ​មក​ឲ្យ​កម្ពុជា​ ប៉ុន្តែ​យើង​បាន​ប្រាប់​ទៅ​ជប៉ុន​វិញ​ថា ថ្វីបើ​ជប៉ុន​បាន​ឲ្យ​លុយ​ច្រើន​សម្រាប់​ធ្វើ​ផ្លូវ ធ្វើ​ស្ពាន នៅ​កម្ពុជា​ពិតមែន ប៉ុន្តែ​ជប៉ុន​អត់​ទាន់​មាន​អ្នក​វិនិយោគ​មក​កម្ពុជា​ប៉ុន្មាន​ទេ ក្នុង​រង្វង់​ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ ប៉ុន្តែ​ប្រហែលជា​គាត់​នៅ​សិក្សា​ច្រើន​ទៀត ប៉ុន្តែ​អ្វី​ដែល​យើង​បានឃើញ​រយៈពេល​ចុងក្រោយ​នេះ ជប៉ុន​មាន​និន្នាការ​ប្រែប្រួល​ច្រើន​រយៈពេល​ពីរ​ឆ្នាំនេះ គឺមាន​ការប្រែប្រួល​ខ្លាំង ដោយសារតែ​ទី​១​គេ​មើលឃើញ​ពី​ស្ថិរភាព​នយោបាយ ស្ថិរភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង និង​ទី​២​ទៀត ដោយសារ​មានការ​តានតឹង​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​ផង ហើយ​មានតែ​យើង​ទេ ដែល​ចេញពី​យើង​ទៅ គឺ​ទៅ​កន្លែង​ណា​ក៏បាន​ដែរ​ទំនិញ។ អីចឹង​ហើយ​បានជា​យើង​ឃើញ​ជប៉ុន​បាន​ចូលមក​វិនិយោគ​កាន់តែ​ច្រើនឡើង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង”។
លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បញ្ជាក់ថា ទស្សនកិច្ច​របស់​អ្នកវិនិយោគ​ជប៉ុន​នេះ មាន​បី​ដង​ហើយ​តែ​តូចៗ​ទេ ប៉ុន្តែ​ពេលនេះ​ធំ ហើយ​មាន​រហូតដល់​១៥០ នាក់​សុទ្ធតែ​តំណាង​ក្រុមហ៊ុន​ធំៗ។ លោក​រដ្ឋមន្ត្រី​អះអាង​ថា មកដល់​ឆ្នាំ​២០១២ នេះ វិនិយោគ​ជប៉ុន​បាន​ឡើង​រហូត​ចំ​ណាត់​ថ្នាក់​​ទី​៤ ដែល​មិន​ធ្លាប់​មាន​ពីមុនមក ពីព្រោះ​ពីមុន​មក​មាន​ត្រឹម​ចំណាត់​ថ្នាក់​៧ ​ឬ​ទី​១០ ឯណោះ ហើយ​មាន​ឆ្នាំ​ខ្លះ​គាត់​មិន​មាន​វិនិយោគ​នៅ​កម្ពុជា​​ផង ប៉ុន្តែ​គាត់​ចាប់ផ្តើម​មក ហើយ​ចាប់​ស្ទុះ​ឡើង​លឿន​ទៀតផង រហូត​ទទួល​​បាន​ចំណាត់ថ្នាក់​ទី​៤ ដែល​ជា​ការគួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ៕


ភ្ជាប់​គេហៈ​ទំ​ព័រ​

Pageviews