ផ្អាកជើងហោះហើររាប់រយទូទាំងតំបន់អឺរ៉ុបដោយសារធ្លាក់ព្រិលខ្លាំង
នៅទូទាំងតំបន់អឺរ៉ុបកាលពីថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៣ ជើងហោះហើររាប់រយត្រូវបានលុបចោល ហើយផ្លូវថ្នល់ និងផ្លូវដែកត្រូវបានផ្អាកចរាចរណ៍ ក្នុងពេលដែលព្រិលបានធ្លាក់យ៉ាងខ្លាំង និងអាកាសធាតុត្រជាក់ក្រោមសូន្យ។
អាកាសយានដ្ឋាន Frankfurt របស់អាល្លឺម៉ង់នោះ បានលុបចោលជើងហោះហើរទាំងការចេញដំណើរ និងការមកដល់ចំនួន ៥០០ជើង ដែលស្មើនឹងកាលវិភាគហោះហើរប្រចាំថ្ងៃរបស់ខ្លួនចំនួន ៤០ភាគរយ។
អាកាសយានដ្ឋាន មមាញឹកជាងគេនៅអឺរ៉ុប គឺ London Heathrow បានលុបចោលជើងហោះហើរជាង ២០០ជើង។ អាកាសយានដ្ឋាននេះ និយាយថា ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ២៤ ម៉ោង ជាមុនដើម្បីលុបចោលជើងហោះហើរចំនួន ១៣០ជើង ដោយសារភាពស្រអាប់មើលមិនឃើញដែលគេបានព្យាករណ៍ឡើង ប៉ុន្តែបញ្ហានៅកន្លែងដទៃទៀតក្នុងតំបន់អឺរ៉ុបក៏កំពុងមាន ផលប៉ះពាល់ដូចគ្នានេះផងដែរ។
អាកាសយានដា្ឋន Heathrow បានចំណាយលុយជាង ៥៧ លានដុល្លារលើការធ្វើឲ្យទំនើបឧបករណ៍សម្អាតព្រិលរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១០ នៅពេលដែលសីតុណ្ហភាពត្រជាក់កក និងព្រិលបានធ្វើឲ្យអាកាសយានដ្ឋាននេះស្ទើរតែផ្អាកទាំងស្រុង ខណៈជិតដល់បុណ្យគ្រឹស្តស្មាស។
ភ្លៀងកក និងព្រិលក៏បានបណ្តាលឲ្យមានស្ថានភាពគ្រោះថ្នាក់ផងដែរនៅលើផ្លូវថ្នល់ និង ផ្លូវដែក ដោយបង្កឲ្យមានឧបត្តិហេតុយ៉ាងច្រើន ។ ក្នុងប្រទេសអាល្លឺម៉ង់ភាគខាងត្បូង ប៉ូលិសបានកត់ត្រាឧបត្តិហេតុពាក់ព័ន្ធអាកាសធាតុចំនួនជាង ១០០០ ករណី និងនៅភាគឦសានក្បែរក្រុងបែលឡាំង ផ្នែកទាំងស្រុងនៃផ្លូវហាវ៉េមួយត្រូវបានបិទលែងអាចធ្វើចរាចរណ៍បាន ៕