ក្រសួងការពារជាតិសាកល្បងបាញ់កាំភ្លើងធំ នៅរសៀលថ្ងៃ២៥មករា
ភ្នំពេញ: ក្រសួងការពារជាតិនៃព្រះរាជាណាចក្រ កម្ពុជា បានប្រកាសឱ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ នឹងមានការបាញ់សាកល្បង កាំភ្លើងធំ ១០៥ មីលីម៉ែត្រ ចំនួន ១០១ ណាត់ ( គ្រាប់ ) សម្រាប់ព្រះរាជពិធីដង្ហែ ព្រះបរមសព ព្រះបរមរតនកោដ្ឋ។ បើយោងាតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ដែល ចុះហត្ថលេខាដោយឯកឧត្តម នាយឧត្តមសនីយ៍ ផ្កាយមាស ៤ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបង្ហាញថា អគ្គ បញ្ជាការកងយោធពលខេមរភូមិន្ទសូមជម្រាបជូនដំណឹងដល់មហាជន និងអាជ្ញាធរដែនដី ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ឲ្យបានជ្រាបថា "អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នឹងធ្វើការបាញ់សាកល្បងបច្ចេកទេស កាំភ្លើងធំ ១០៥ មីលីម៉ែត្រ ១០១ ណាត់ សម្រាប់ព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង ៣ រសៀល នៅទីតាំង កងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ ស្ថិតនៅសង្កាត់កន្ទោក ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ"។ សេចក្តីជូនដំណឹង បានបន្ថែមថា "អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រជាពលរដ្ឋ ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី មេត្តាជ្រាប និងកុំមានការភ្ញាក់ផ្អើលរាល់សំឡេងស្នូរ នៃកាំភ្លើង តាមកាលបរិច្ចេទខាងលើ។ អគ្គមបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សង្ឃឹម និងជឿទុកចិត្ត រាល់កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលពាក់ព័ន្ធដល់ការបាញ់សាកល្បងកាំភ្លើងធំនេះ ឲ្យប្រព្រឹត្តទៅបានទទួលជោគជ័យ និងធានាសុវត្ថិភាពខ្ពស់"៕